លោក​ លឹម សម្បត្តិ មេគយ​ច្រកអាកាសយា​នដ្ឋានអន្តរជាតិភ្នំ​ពេញប្រព្រឹត្តអំពើ​ពុករលួ​យកា​ន់តែខ្លាំង​ជាង​មុន

By | May 10, 2020

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លឹម សម្បត្តិ លោក លឹម សម្បត្តិ និង​បក្ខពួក​កំពុង​ពង្រឹង​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា លោក លឹម សម្បត្តិ តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ ចាប់ពី​៣៥​ដុល្លារ​ទៅ​៧៥​ដុល្លារ​ចំពោះ​ឯកសារ​ដែល​គ្មាន​កំហុស​។ ចំណែក​ឯកសារ​ដែលមាន​កំហុស​បន្តិចបន្តួច​ត្រូវបាន​លោក លឹម សម្បត្តិ និង​បក្ខពួក​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត​របស់ខ្លួន ព្រោះ​លោក លឹម សម្បត្តិ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ យ៉ាង​ពេញទំហឹង​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ បើទោះបី​លោក លឹម សម្បត្តិ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​ក៏ដោយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​ហើយ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​ ​សេចក្ដីរាយការណ៍​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ឯកសារ​ពួកគេ​ត្រូវ​បង់លុយ​ជាច្រើន​ដំណាក់​ដូចជា ទី​១-​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ​៥​ដុល្លារ ទី​២-​បង់លុយ​២០​ដុល្លារ​សម្រាប់​ផ្នែក​គណនេយ្យ ទី​៣-​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​សម្រាប់​ក្រុមមន្ត្រី​គយ​ខាង​ផ្នែក​ត្រួតពិនិត្យ​។ ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក​បញ្ចុះ​ឯកសារ និង​ទី​៥-​បង់លុយ​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ​ដើម្បី​ជាការ​បញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​ដែល​ត្រូវ​នាំចេញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏ត្រូវ​បង់លុយ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផងដែរ ព្រោះ​លោក លឹម សម្បត្តិ និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ប៉ុណ្ណោះ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​បណ្ដោយ​ឲ្យ​លោក លឹម សម្បត្តិ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​(មានត)

Leave a Reply

Your email address will not be published. Required fields are marked *