លោក ​ឈុន សុភមង្គ​លប្រធាន​សាខាគយខេ​ត្តឧត្ដរមានជ័យ​កំពុងបង្ហាញ​ស្នាដៃប្រ​ព្រឹត្តអំពើពុករលួយកា​ន់តែ​ខ្លាំង

By | February 18, 2020

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​ដូចជា សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ និង​ប្រហិត​ច្រើន​ប្រភេទ​ត្រូវបាន​លោក កែវ សារ៉ាត់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​។ ការដែល​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ដែលជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ខ្លះ​ផង​។ ដោយហេតុថា ចាប់តាំងពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​លោក ឈុន សុភមង្គល កំពុង​បង្ហាញ​ស្នាដៃ​ខ្លាំងក្លា​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក ឈុន សុភមង្គល បានចាត់ទុក​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ក៏ដូចជា​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​តាម​ច្រក​ជប់​គគីរ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​ ​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅ​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ គឺ​លោក ឈុន សុភមង្គល មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​លោក ឈុន សុភមង្គល យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ឈុន សុភមង្គល ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។​

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល ព្រោះ​អាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជា​បង្អែក​ដ៏​រឹងមាំ​។ ជាមួយគ្នានេះ​ប្រធានការិយាល័យ​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ ក៏​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ផងដែរ ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈុន សុភមង្គល ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេ​គយ​ចល័ត​ក្នុង​ខេ​ត្ឧ​ឧត្ដរមានជ័យ ផងដែរ ដោយមាន​ការបែងចែក​ផលប្រយោជន៍​តាម​លំដាប់លំដោយ​យ៉ាង​រលូន​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​លោក ឈុន សុភមង្គល កំពុង​សាង​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ខាង​ពុករលួយ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *