លោក ​​ប៉ាន់ មរកត​ ​ប្រធានម​ន្ទីរប​រិស្ថា​នខេត្តពោ​ធិ៍​សាត់ឃុប​ឃិតជាក្រុមឈ្មួញ​ឲ្យមន្ត្រី​ក្រោមឱវាទធ្វើអ្វីៗតាមអំពើ​ចិត្ត

By | September 21, 2019

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានចាត់ទុក​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ ជឿ​ង ថេ​ង និង​មេ​ឈ្មួញ តាំង អៀង ជាដើម នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ចូល​ខេត្តកំពង់ស្ពឺ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​អះអាងថា ដោយសារ​អាង​មាន​មន្ត្រី​ធំៗ​នៅក្នុង​ក្រសួងបរិស្ថាន ជា​បង្អែក​រឹងមាំ​ទើប​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ប្រើប្រាស់​អំណាច​និង​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​ការបង្ក្រាប​ពី​សំណាក់​កម្លាំង​អាវុធហត្ថ​ជា​បន្តបន្ទាប់​កន្លងទៅនេះ ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​កត់សម្គាល់ថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ពី​សំណាក់​សមត្ថកិច្ច​អាវុធហត្ថ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ជា​បន្តបន្ទាប់​កន្លងទៅ​នេះ គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ព្រោះ​ឈ្មួញ​ធំៗ​ដូចជា ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ឈ្មួញ​ឈ្មោះ តាំង អៀង ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ និង​ឈ្មួញ​ជា​បក្ខពួក​របស់លោក តែម ធារ៉ា មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ក៏ដូចជា​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ប៉ាន់ មរកត ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន​។ ជាការ​ពិត​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តែង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ឃុបឃិត​ជាមួយ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *