សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជន​នេះ​ប្រព្រឹត្ត​អំពើពុករលួយ !

By | April 14, 2019

ថ្មីៗ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​លោក កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង អោយ​តឹងរឹង​ជាបន្ទាន់​ប្រសិនបើ​រក​ឃើញ​ថា ជននេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជិះជាន់ និង​គាបសង្កត់​ទៅលើ​មន្ត្រី​តាម​តែ​ទំនើងចិត្ត​ណោ​នោះ !

​តាម​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​និង​វិន័យ​រដ្ឋបាល ដល់​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន ប្រសិនបើ​រក​ឃើញ​ថា ស្នងការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដួច​ការចោទប្រកាន់​របស់​មន្ត្រី​នគរបាល​ជាង ២០​នាក់​មែន​នោះ​។​

​មិនតែប៉ុណ្ណោះ​មន្ត្រី​សង្គម​ស៊ីវិល​ចាំ​អ៊ុត​មើល​ថា តើ​ក្រសួងមហាផ្ទៃ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​ករណីនេះ ឬទេ​ស្របពេល​ដែល​នគរបាល​ខេត្ត​ស្វាយរៀង​ជាង​២០​នាក់ បាន​ចុះហត្ថលេខា​ចោទប្រកាន់​ស្នងការ​ខេត្ត​ស្វាយរៀង លោក​កឹង ឃ​ន ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្ងឹង​ជាច្រើន​ករណី​ច្រើន​ឆ្នាំ​កន្លងមកនេះ​។​

​បើ​តាម​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ ឱ្យដឹង​នៅ​ថ្ងៃទី​១៧ មីនា​ថា បណ្ដឹង​អនាមិក​ដែល​មិន​ចេញ​ឈ្មោះ​តែមាន​ហេតុផល​សមរម្យ​ស្រប​ពេល​មាន​ហេតុការណ៍​ជាក់ស្ដែង​កើតឡើង​មែន​នោះ​ការស៊ើបអង្កេត​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ត្រូវ​វែកញែក​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​ដោយសារ​អំពើ​ពុករលួយ ឬ​ការរំលោភ​អំណាច​ជា​ដើម​។​

​លោក សន ជ័យ បញ្ជាក់ថា ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​សុក្រឹត ឯករាជ និង តម្លាភាព​។ លោក​រំពឹង​ថា អង្គភាព​នេះ និង​ក្រសួង​មហាផ្ទៃ នឹង​ចាត់វិធានការ​រឿង​នេះ​ដោយ​មិន​ឈរលើ​មូលដ្ឋាន​លម្អៀង​នោះទេ​៖ «​តាម​ច្បាប់​ដែល​មាន​ខ្ញុំ​គិតថា ដូចជា មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការចាត់វិធានការ​អំពើពុករលួយ​ហើយ​។​អ៊ីចឹងទៅ ក្រៅពី​ការស៊ើបអង្កេត​ការអនុវត្ត​ច្បាប់​ធានាបាន​នូវ​អព្យាក្រឹតភាព និង ឯករាជភាព​របស់​អង្គភាព​ប្រឆាំង​ក្នុងការ​ចាត់វិធានការ​លើ​សំណុំរឿង​ពុករលួយ​វា​ត្រូវ​តែ​ធ្វើ​។ ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្វី ដែល​រកឃើញ​ទៅ​តាម​ការចោទប្រកាន់​» មែន​នោះ​។​

​គួររំលឹកថា ៖ កាលពី​ថ្ងៃ​ទី​១៤ មីនា មន្ត្រីនគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០​នាក់ (២៣) បាន​ចុះហត្ថលេខា​លើ​លិខិត​ចំនួន ៣​ទំព័រ ដោយ​ចោទ​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន ថា រំលោភ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​នេះ​។​

​ជាងនេះទៅទៀត ពួក​គេ​អះអាង​ថា ៖ ស្នងការ​រូបនេះ​បាន​ឃុប​ឃឹត​បញ្ជូន​សាច់ញាតិ​ឱ្យ​ទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក​ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​ក្រៅពី​នេះ​ស្នងការ​រូប​នេះ​ក៏​បាន​ឃុបឃិត​ជាមួយ​ស្នងការរង​ម្នាក់​ដក​មន្ត្រី​ស្លូតត្រង់​គ្មាន​កំហុស ហើយ​ដាក់ជំនួស​មកវិញ​មន្ត្រី​មិនចេះ​ធ្វើ​កិច្ច​ការងារ​។ លិខិត​ដដែល​បន្ថែមថា ស្នងការ​រូបនេះ​បាន​ចាត់​ឱ្យ​ស្នងការរង​ម្នាក់​នោះ​ជ្រើសរើស​មន្ត្រី​នគរបាល​ណា​ដែល​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ពេញសិទ្ធិ​តម្រូវឱ្យ​បង់​ប្រាក់​ឱ្យ​ពួកគេ​ក្នុង​ម្នាក់ៗ ១២.០០០​ដុល្លារ​។ ហើយ​លើសពីនេះ​ស្នងការ​រូបនេះ​តែងតែ​បើកដៃ​ឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​មក​លក់​ឆ្នោត​នៅ​ខេត្ត​ស្វាយរៀង និង​រកស៊ី​ជំនួញ​ផ្សេង​ទៀត​ខុសច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ​ការិយាល័យ​យើង​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ស្វាយរៀង​លោក កឹង ឃ​ន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​បាន​ទេ​នៅ​ថ្ងៃទី​១៧ មីនា​កន្លងមកនេះ ។​

​ទោះ​យ៉ាងណា​រដ្ឋបាលខេត្ត​ស្វាយរៀង​ថ្មីៗ នេះ​បាន​ថ្លែង​តាមរយៈ​កាសែត​ក្នុងស្រុក​មួយ ដោយ​បដិសេធ​ថា ៖ ពុំ​មាន​ស្ថាប័ន​ណាមួយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុសច្បាប់​យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ទំនិញ​ដោយ​ខុស​ច្បាប់​ចូល​មក​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​នោះ​ទេ​។​

​បញ្ហា​ដ៏​រសើប​នេះ រដ្ឋបាល​ខេត្ត​នេះ​សន្យាថា ៖ នឹង​ស្រាវជ្រាវ​ជាក់ស្ដែង​ប្រសិនបើ​មាន​ករណី​នេះ​មែន​អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​ជាបន្ទាន់​តាម​ផ្លូវច្បាប់ ។​

​ដោយឡែក​ប្រភព​ពី​មន្ត្រី​នគរបាល​មួយចំនួន​នៅ​ខេត្ត​ស្វាយរៀង​វិញ​បាន​ខ្សឹប​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេង​ទៀត​ថ្មីៗ នេះ បាន​ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង​ទាក់ទិន​អំពើពុករលួយ​របស់​ស្នងការ​ខេត្ត​ស្វាយរៀង ក៏ប៉ុន្តែ​មិន​ទាន់​ចាត់​វិធានការ​យ៉ាងណា​នៅឡើយ​ទេ​ទៅលើ​ភាព​បែកធ្លាយ​ដ៍​គម្រក់​របស់​បុគ្គល កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ។​

​មាន​ការលើកឡើង​ថា ៖ ពួកគេ​មិន​រំពឹងថា ៖ ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ដោះស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌ ឬ​យ៉ាងណា​ទេ ព្រោះ​សំណុំរឿង​បុគ្គល​នេះ​មាន​ខ្សែ​ធំ​នូវ​ពីក្រោយ​ចាំ​កាង​នោះ ។ ក៏​ប៉ុន្តែ​បើ​គេ​ចង់​ស្រាវជ្រាវ​រក​តម្លាភាព​ការពិត​នោះ វា​មិន​ពិបាក​ស៊ើបអង្កេត​នោះទេ ខណៈ​ស្នងការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាច្រើន​ករណី ហើយ​មនុស្ស​ជាច្រើន​ក្នុង​អង្គភាព​នេះ​សុទ្ធតែ​បានដឹង​ពី​រឿងអាស្រូវ​នឹង​កំហុសឆ្គង​របស់​បុគ្គល កឹង ឃ​ន នោះ ៕
​ដោយ ស ជាតិ

Leave a Reply

Your email address will not be published. Required fields are marked *