ប្រធានការិយាល័យគយច្រកទំនប់រលក លោក ណុប សំអាន កាន់តែល្បីល្បាញខាងពុករលួយពេញទំហឹងស្រង់ដើម

By | September 3, 2021

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែបើកដៃឲ្យឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ មន្រ្តីនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះឈ្មួញឈ្មោះ ចិត្រ នាំចូលទំនិញច្រើនជាងគេតាមច្រកទំនប់រលក ព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ និងល្បីឈ្មោះ ច្រើនឆ្នាំមកហើយ។

តាមពីប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ណុប សំអាន អាចធ្វើជាមេគយនៅច្រកកំពង់ផែទំនប់រលក ឡើងដុះស្លែហើយប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងមេៗគយក្នុងខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ត្រូវបានលាតត្រដាងយ៉ាងណាក៏ដោយ។ លើសនេះទៅទៀតសូម្បីតែលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង នោះដែរ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា ការដែលឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកទំនប់រលក ទៅដល់រាជធានីភ្នំពេញយ៉ាងរលូនគឺមានការរួមដៃពីសំណាក់ក្រុមមន្ត្រីគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ ក្រោមការគ្រប់គ្រងរបស់លោក នុត លីឆូយ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ចាត់តាំងពីលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តតំបន់៣ ទទួលបន្ទុក៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពត គឺមិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់នោះទេ។ ដូច្នេះហើយទើបលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បើកដៃឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្តហើយឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទៅដល់គោលដៅនៅរាជធានីភ្នំពេញ យ៉ាងរលូន៕

Leave a Reply

Your email address will not be published. Required fields are marked *