ធ្លាយ​រឿងអាស្រូវរបស់​លោក អ៊ឹម ហង្ស ប្រធាន​គណនេយ្យ​ TC (កូនជឹង) រប​ស់លោក​ សុខ ពុទ្ធីវុធ ​វេចលុយរា​ប់លាន​ដុល្លា​រ?មេៗកំពុងព្យា​យាមលាក់​​បាំង ?

By | March 5, 2020

ភ្នំពេញ: មើល​ឃើញ​ទឹក​ស្ងប់​មិនអាច​ថា គ្មាន​សង្គ្រាមមច្ឆា និងសត្វភេ ក្នុងទឹកនោះទេ ។ ​​យ៉ាងណាមិញនៅក្នុង​អង្គភាព​TC រកស៊ីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា​ហៅកាត់(TC) ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​នោះ បើមើលពីក្រៅហាក់ ដឹកនាំយ៉ាងល្អដោយស្ងប់រលូនមិនអាចថាគ្មានសង្គ្រាមផ្ទៃក្នុង​ដណ្តើមគ្នាចឹកដណ្តើមគ្នា​កាយដូច (រឿងមាន់ព្រៃកំចាយមាន់ស្រុក)នោះដែលបានផ្សាយលេខមុនរួចហើយរវាង លោក សន វី អគ្គនាយក​TC និង(កូនជឹង) សុំមិនបពេ្ចាញឈ្មោះ​ ដែលត្រូវលោក សុខ ពុទ្ធីវុធ ​បន្សាបឥទ្ធិពល​ក្រោមលេសកែទម្រង់ដោយការដាក់​មនុស្សជំនិតៗជាចំណូលថ្មី(កូនជឹង)គាត់ មានឈ្មោះលោក​ធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងលោក អ៊ឹម ហង្ស ជាប្រធានគណនេយ្យ​TC ជាដើម……។​ល។​

ប្រភពឲ្យដឹងថា មន្ត្រីខាងលើត្រូវលោក​ សុខ ​ពុទ្ធីវុធ​ រើសមកពីក្រសួងមុខងារសាធារណយក​មកដាក់អោយកែទម្រង់​ស៊ីមុជស៊ីអោយកាន់តែជ្រៅ ខណៈល្បីថា​ក្នុង​TC​មានការប្រព្រឹត្តអំពើពុក​រលួយយ៉ាងសុខស្រួល ។​

និយោជិកម្នាក់បំរើការនៅក្នុងទូរគមនាគមន៍កម្ពុជា ក្នុងការណាត់ជួបមួយ ដើម្បីជៀសវាងធ្វើ​បាតុកម្មទាមទារអោយ​មេៗពួកគាត់លាតត្រដាងការពិត និយាយក្នុងលក្ខ័ណសុំមិនអោយបង្ហាញ​ឈ្មោះឲ្យដឹងថា​៖ រយៈពេល​២ខែកន្លងមក​ក្នុងTCមានរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់​ ជាពិសេសពីរឿងលោក អ៊ឹម ហង្ស ​(កូនជឹង) ​លោក​សុខ ពុទ្ធីវុធ សង្ស័យពាក់ព័ន្ធរឿងអាស្រូវ​ប៉ុនមេឃក្នុងការពុករលួយកឹបកេងលុយចំណូលរបស់អង្គភាពTCអស់ប្រមាណរាប់លាន​ដុល្លារ​ អាមេរិក តែត្រូវគេនាំគ្នាបិទបាំង។​គាត់សង្កត់ធ្ងន់ថា ​នេះជាអំពើពុករលួយដ៏ធំនៅ​ TC ​ដែលមេៗក្នុង​TC​ ​និង​ក្រសួង​កំពុងនាំគ្នាព្យាយាមលាក់បាំងការពិត។​

ប្រភពបន្តថា រឿងពុករលួយនេះលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងលោក​​ ឱម យិនទៀង ​ប្រធាន​អង្គភាពប្រឆាំងអំពើពុក​រលួយមិនហ៊ានប៉ះពាល់ ឬប្រមាញ់បុគ្គលពុករលួយនៅ TCនោះសោះតែម្តង ​ព្រោះខ្លាចអំណាចមេក្លោងជាកូនប្រសារ​សម្តេចនាយករដ្ឋមន្ត្រី។ ​

ប្រភពខាងលើបន្ទោសថា បុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិ​នៅTCទាំងនោះ ហើយដែលប្រៀប​ដូចច្រេះស៊ីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់បក្ស CPPគ្រប់អាណត្តិ​និងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្ស​CPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ។​ ​ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយ​បិទបាំងការពារជនពុករលួយ ? ​លើកលែងតែមេៗ​ទាំងនោះក៏ជាប់ពាក់ព័ន្ធដែរ ស៊ីលៀសរអៀសខ្លួន។​

ប្រភពបែរមកនិយាយពីសកម្មភាពមន្ត្រីគ្រាក់ៗជើងចាស់ជើងថ្មីវិញ នៅក្នុងអង្គភាពទូរគមនា​គមន៍កម្ពុជា បានឲ្យដឹង​ថា៖ ទោះពេលនេះលោក សុខ ពុទ្ធីវុធ​ ញាត់កូនជឹងគាត់ចូល​កាន់កាប់​ TC ​គ្រប់កន្លែងខ្លឹមខ្លាញ់ ដែលលុយលក់ខ្យល់​ហូរចូលដូចទឹក។ ​បច្ចុប្បន្ន លោក សន វី បានបន្តខ្ចីដៃ(កូនជឹង)លោក អ៊ុង ពិសិទ្ធ អតីតៈអនុប្រធាន​នាយកដ្ឋានផែន​ការហិរញ្ញវត្ថុ​(ដែល​មានស្នាដៃចាប់ជនពុករលួយ ២០មុឺនដុល្លារពីមុន)​ឲ្យគ្រប់គ្រងតួនាទីជាសម្ងាត់​ក្នុងការតាម​ឃ្លាំមើល ដើម្បីសកម្មភាពកូនជឹងរបស់ លោក សុខ ពុទ្ធីវុធ ប្រព្រឹត្តពុករលួយកឹបកេងថវិកា និងការ​ចំហៀចំណូល​បំប៉ោងចំណាយរបស់កូនជឹង លោក សុខ ពុទ្ធីវុធ យ៉ាងស្វិតស្វាញ ដើម្បីទុកជាអាវុធសម្ងាត់ការពារខ្លួន​ផង និងបង្ក ដើម្បីទាមទារចំណែកមួយក្រាស់ឃ្មឹកក្នុងផ្លូវតែមួយ​ គឺរួមគ្នាលួចជាតិ។​

ប្រភពបន្តថាលោក អ៊ុង ពិសិដ្ឋ បុគ្គលមានជំនាញការលើកផែនការហិរញ្ញវត្ថុ និងរាល់ការ​ចំណាយព្រមទាំងក្តាប់​ចំណូលសម្រាប់អង្គភាពTCទាំងមូលពីមុនយ៉ាងច្បាស់ ។ ​ចេះក្បួនបំប៉ោង​និងចំហៀវដើម្បីកេងប្រវ័ញ្ចថវិកាជាតិ​យកចែកគ្នាកាលណោះក៏ដូចពេលនេះទោះជាអំណាចទូទៅក្តោបក្តាប់ដោយក្រុមលោក​ សុខ ពុទ្ធីវុធ​ តាមរយៈ​ប្រើកូនជឹងក៏ដោយក៏នៅតែមិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរំលងអ្នកជំនាញដូចជា លោក អ៊ុង ពិសិដ្ឋ នោះឡើយ ។​

ប្រភពបន្តថាលោកអ៊ុង ពិសិដ្ឋ ​ដែលជាមនុស្សជំនាញពុករលួយស្រាប់ អាចមើលឃើញច្បាស់​ក្រឡែតនូវសកម្មភាព​មិនប្រក្រតីរបស់កូនជឹង​ លោក  សុខ ពុទ្ធីវុធ និងការដាក់កាំបិតលើស្មាមនុស្សថ្មីអ្នកកេងប្រវញ្ចន៏ជំនាន់ក្រោយ​ដែល​គ្មាន​បទពិសោធ ទាំងលើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពីសកម្មភាពធ្វើសវនកម្មផ្ទៃក្នុង ឬសវនកម្មជាតិ ឬសវនកម្ម​ក្រសួង​ហិរញ្ញវត្ថុ ឬក្រុមប្រឆាំងពុក​រលួយដោយច្បាស់ៗធ្វើអោយអ្វីៗនៅTCពេលនេះនៅតែក្តោបទាំងស្រុុងក្នុង​កណ្តាប់ដៃ​លោក សន វី និង អ៊ុង ពិសិដ្ឋ​ ដដែល បើទោះជាសម្បកក្រៅមើលទៅហាក់គ្មានអំណាចប្រព្រឹត្តអំពើពុក​រលួយខ្លាំងដៃ​នៅក្នុងTCក៏ដោយ។​

ប្រភពបន្ថែមថារឿងរ៉ាវដែលសង្ស័យលោក​ អុឹម ហង្ស ​កឹបកេងលុយដល់ទៅរាប់លានដុល្លារ​ថ្មីបំផុតនេះ ក៏ទំនងមាន​ទំនាស់​រវាងមាន់ព្រៃ និងមាន់ស្រុកខ្លាំងក្លា ទើបបានជាបែកធ្លាយដល់​បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនយ៉ាងនេះ ពុំនោះទេ ពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់​ចិត្តមិនខាន​ ។​

យើងមិនដឹងថាការលើកឡើងទាំងអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោក សន វី​ និងលោក អ៊ុង ពិសិដ្ឋ លោក ធឿន សុថារឹទ្ធ​ សុទ្ធតែមិនលើក​ទូរសព្ទ័អ្នកកាសែតទើបមិនអាចទាក់ទងសុំការបកស្រាយ​ពន្យល់បានទេពីម្សិលមិញ។​

ឯលោក អុឹម ហង្ស ដែលជាបុគ្គលសង្ស័យលួចលុយTC ជាងរាប់លានដុល្លារនោះ​ មិនត្រឹមតែ​ទាក់ទងសុំបំភ្លឺមិនបាន​នោះទេ ថែមទាំងយើងទើបទទួលបានព័ត៌មានថា លោក អុឹម ហង្ស ​បានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍​មកហើយ។​

អំពើពុករលួយគ្មានរូប គ្មានក្លិន គ្មានផ្សែង ទោះជាការផ្តល់ព័ត៌មាននេះ​គ្រាន់តែជាការកាច់កុង​ឬមានការពិតកំរិតណា សារព័ត៌មានយើងរង់ចាំការបកស្រាយគ្រប់វេលាពីគ្រប់ភាគីពាក់ពន្ធ័ុំ។មានត

Leave a Reply

Your email address will not be published. Required fields are marked *