មន្ត្រី​ជំនាញនិង​សមត្ថកិច្ចបើក​ដៃឲ្យឈ្មួញ​ដឹកជញ្ជូន​ឈើចេញ​ទៅស្រុកយួ​នលោក​ យិន ចំណានស្នងការ​នគរបា​លខេ​ត្តរតនគិរីមិនចាត់វិធានកា​រទប់ស្កាត់បទ​ល្មើស​ព្រៃ​ឈើ

By | April 24, 2019

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប៉ក់​ធំ បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម យ៉ាងគំហុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​នគរបាល​នៅ​ច្រករបៀង​ភ្នំ​ក្រហម ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី ទេនោះ​គឺ​មន្ត្រីនគរបាល​ប្រចាំ​ច្រករបៀង​ភ្នំ​ក្រហម ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​វរ​ការពារ​ព្រំដែន​ក្នុង​តំបន់​នេះ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ច្រករបៀង​ប៉ុស្ដិ៍​ភ្នំ​ក្រហម ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម យ៉ាងតិច​៣​ទៅ​៤​គ្រឿង​និង​ដឹក​តាម​ម៉ូតូ​មិនតិចជាង​៥០​គ្រឿង​ទៅ​១០០​គ្រឿង​នោះទេ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក យិន ចំណាន មក​ធ្វើជា​ស្នងការ​នគរបាល​ខេត្តរតនគិរី ជំនួស​លោក ងួន គឿន រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ពុំមាន​ការថយចុះ​នោះទេ ហើយ​មន្ត្រីនគរបាល​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​មន្ត្រីនគរបាល​នៅ​ច្រករបៀង​ភ្នំ​ក្រហម ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ក៏ដូចជា​មន្ត្រីនគរបាល​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ព្រមទាំង​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​តែម្តង​។ ចំណែក​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ហើយ​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី។បឋម

Leave a Reply

Your email address will not be published. Required fields are marked *