មេឈ្មួញ​ឈ្មោះ​ ណុប ឌី​ ហៅឆើតសម្រុកដឹកជញ្ជូន​ឈើខុស​ច្បាប់ពីខេ​ត្តពោធិ៍សា​ត់និ​ងខេ​ត្តកំពង់ស្ពឺចេញទៅ​ស្រុកយួន​ទាំងយប់​ទាំងថ្ងៃលោក សាយ​ សំអាល់រ​ដ្ឋម​ន្ត្រីក្រសួងបរិស្ថានមិនគួរ​មើលរំល​ង

By | June 20, 2019

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត កំពុង​បង្កើន​សកម្មភាព​ដឹកឈើ​ពី​តំបន់​អូរ​ត្រាវ ខេត្តពោធិ៍សាត់ ចូលមក​ទីតាំង​ស្តុក​ឈើ​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​នៅ​ភូមិ​ដំបង​វិញ ស្រុក​ឱ​រ៉ា​ល់ រួច​ដឹក​បន្ត​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ បើតាម​ប្រភពពី​ឈ្មួញ​ឈើ​មួយចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ម្នាក់នេះ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្តកំពង់ស្ពឺ​។ ក្នុងនោះ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន ដូចជា​លោក ខន សុខុម នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​លោក លីម សុ​ខាប ហៅ​ទន់ ប្រធាន​ស្នាក់​ការរង​បរិស្ថាន​ភ្នំ​តូច ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ត្រាវ ដោយ​គ្មាន​ឧបសគ្គ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អូរ​ត្រាវ ខេត្តពោធិ៍សាត់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកំពត និង​ខេត្តតាកែវ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត នៅតែ​ជា​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​អាវុធហត្ថ​ជាដើម​។ ចំណែក​ឈ្មួញ​ដទៃទៀត​ដូចជា ឈ្មួញ​ឈ្មោះ ស៊ី ស ឈ្មួញ​ឈ្មោះ ជឿ​ង ថេ​ង និង​ឈ្មួញ​ឈ្មោះ ស្នា ជាដើម អ្នកខ្លះ​ត្រូវ​ជាប់ពន្ធនាគារ អ្នកខ្លះ​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​នៅក្នុង​តុលាការ ប៉ុន្តែ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត នៅតែ​អាច​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។

ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បាន​បង់លុយ​ឲ្យ​លោក អេង រស្មី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ តាម​ការកំណត់​ទើប​មិនដែល​ឃើញ​មន្ត្រី​បរិស្ថាន​ខេត្តពោធិ៍សាត់ ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ឡើយ​។ ទន្ទឹមនឹងនេះ​ប្រធាន​និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក៏ត្រូវ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត បង់លុយ​ឲ្យ​តាម​ការកំណត់​យ៉ាង​ទៀងទាត់​ដែរ ទើប​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ស្ពឺ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តកំពង់ស្ពឺ យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​ប្រភពព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ត្រាវ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លូន។បឋម

Leave a Reply

Your email address will not be published. Required fields are marked *