ថ្មីៗនេះប្រភពពីក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក លឹម សម្បត្តិ លោក លឹម សម្បត្តិ និងបក្ខពួកកំពុងពង្រឹងសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងងងើលគ្មានញញើតអ្វីទាំងអស់។ ក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងទៀតថា លោក លឹម សម្បត្តិ តម្រូវឲ្យពួកគេបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារ ចាប់ពី៣៥ដុល្លារទៅ៧៥ដុល្លារចំពោះឯកសារដែលគ្មានកំហុស។ ចំណែកឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវបានលោក លឹម សម្បត្តិ និងបក្ខពួកប្រើវិធីផ្សេងៗដើម្បីគាបយកលុយលើតុក្រោមតុតាមអំពើចិត្តរបស់ខ្លួន ព្រោះលោក លឹម សម្បត្តិ អាងមានខ្នងបង្អែករឹងមាំធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយ យ៉ាងពេញទំហឹងរបស់លោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ដោយ ក៏លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ បើទោះបីលោក លឹម សម្បត្តិ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលក៏ដោយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាបន្ទាន់ហើយទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
សេចក្ដីរាយការណ៍ពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្នុងមួយឯកសារពួកគេត្រូវបង់លុយជាច្រើនដំណាក់ដូចជា ទី១-បង់លុយឲ្យមន្ត្រីគយទទួលផែនចុះលេខ៥ដុល្លារ ទី២-បង់លុយ២០ដុល្លារសម្រាប់ផ្នែកគណនេយ្យ ទី៣-បង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតសម្រាប់ក្រុមមន្ត្រីគយខាងផ្នែកត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុកបញ្ចុះឯកសារ និងទី៥-បង់លុយឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារដើម្បីជាការបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញដែលត្រូវនាំចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ត្រូវបង់លុយក្នុងមួយឯកសារ៣៥ដុល្លារផងដែរ ព្រោះលោក លឹម សម្បត្តិ និងបក្ខពួកគិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្ដោយឲ្យលោក លឹម សម្បត្តិ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។(មានត)