លោក ឃួន ស្រេង បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យក្នុងការបើកសាលារៀនឡើងវិញ

By | September 3, 2021

ភ្នំពេញ៖ មួយថ្ងៃក្រោយកិច្ចប្រជុំ​រវាងរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ជាមួយ​អភិបាលរាជធានីខេត្ត និងមន្ទីរអប់រំ​ យុវជន និងកីឡា រាជធានីខេត្ត រួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញ​សេចក្តីសម្រេច​បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាល​រាជធានីភ្នំពេញ។ តាមសេចក្តីសម្រេច ក្រុម​ការងារត្រួតពិនិត្យ និងវាយតម្លៃ​ការបើកដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សាចំណេះទូទៅ​គ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដឹកនាំដោយ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន និងអភិបាលរងរាជធានីភ្នំពេញ ទាំង ៦រូប ជាអនុ​ប្រធាន។​

ក្នុងសេចក្តីសម្រេចដដែល ក៏បានបង្កើតក្រុមការងារ​ត្រួតពិនិត្យ និងវាយតម្លៃ​ការបើកដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សាចំណេះទូទៅគ្រប់កម្រិត​ ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាជំនួយ​ការដក់ក្រុមការងារត្រួតពិនិត្យ​ និងវាយតម្លៃ​ការបើកដំណើរការ​ឡើងវិញគ្រឹះស្ថាន​សិក្សាចំណេះទូទៅ​គ្រប់កម្រិត​ ថ្នាក់រាជធានីភ្នំពេញ ដែលមានសមាសភាព​ តាមរដ្ឋ​បាលខណ្ឌទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដឹកនាំដោយ​អភិបាលខណ្ឌនិមួយៗ មានអភិបាលរង​ខណ្ឌ ជាអនុ​ប្រធាន ព្រមទាំង​សមាជិក​ ជា​នាយក​រដ្ឋ​បាលសាលាខណ្ឌ អធិការនគរ​បាលខណ្ឌ មេ​បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យ​អប់រំខណ្ឌ ប្រធានការិយាល័យ​សុខាភិបាលស្រុក​ប្រតិបត្តិ ចៅសង្កាត់ នាយក-នាយិកាគ្រឹះស្ថានសិក្សា​ចំណេះទូទៅ​សាធារណៈក្នុងខណ្ឌ និងតំណាង​គ្រឹះស្ថានសិក្សាចំណេះទូទៅ​ឯកជន ក្នុងខណ្ឌ។​

សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំផ្ទាល់មាត់​ឲ្យរដ្ឋមន្ត្រី​អប់រំ ប្រជុំពិភាក្សា​ជាមួយអភិបាលរាជធានីខេត្តទូទាំងប្រទេស រៀបចំ​បើកសាលារៀនឡើងវិញ ពិសេសនៅកន្លែង ដែល​មិនមានឆ្លងកូវីដ១៩​ ហើយយ៉ាងហោចណាស់ ក៏សាលារៀន​នៅជនបទ ដែលមិនមានឆ្លងកូវីដ អាចបើកបង្រៀន និងរៀន​ឡើងវិញ​។ ចំណែក​កន្លែង​ ដែលមានឆ្លងកូវីដ នៅទី​ប្រជុំជន ឬនៅរាជធានីភ្នំពេញ អាច​បន្តរៀនតាមអនឡាញ ឬរៀន​ចម្រុះ​ គឺរៀនដោយផ្ទាល់ផង និងរៀនតាមអនឡាញ ចែកវេន​គ្នា​ផង​។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងអ​ប់រំ ​បានចេញសេចក្តីណែនាំ​ពី​ការរៀន​ជាបណ្តុំ នៅកន្លែង​ ដែលមិនមានហានិភ័យ​ឆ្លង​កូវីដ១៩ ដោយក្នុង ១ថ្នាក់ មានសិស្សត្រឹម ១៥នាក់ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ ក្រសួងអប់រំ មិនទាន់ប្រកាសថា សាលារៀនណា ត្រូវបើកទ្វារឡើងវិញ ហើយ​បើកទ្វារចូលរៀន នៅពេលណានៅឡើយទេ៕

 

Leave a Reply

Your email address will not be published. Required fields are marked *