ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូន ទំនិញពីច្រកប៉ោយប៉ែត ចូលមកខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថាប្រភព ដែលស្និទ្ធ នឹងលោក សាំង ណន បានឲ្យដឹងថា ក្នុងតួនាទីជា មេគយចល័តក្រុងប៉ោយប៉ែត ឈរជើងនៅចំណុច ភូមិកូនដំរី សង្កាត់និមិត្ត គឺលោក សាំង ណន មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនោះទេ។ ផ្ទុយទៅវិញលោក សាំង ណន មានតែឃុបឃិតឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហេតុនេះហើយទើបឈ្មួញអាចដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែត ចូលទៅរាជធានីភ្នំពេញ យ៉ាងរលូន។ ទន្ទឹមនឹងនេះនៅពេលឈ្មួញតូចតាចនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់បន្តិចបន្តួច គឺត្រូវលោក សាំង ណន ប្រើអំណាចគាបយកលុយយ៉ាងកំរោលតែម្តង។បច្ចុប្បន្នលោក សាំង ណន មេគយចល័តប្រចាំប៉ុស្ដិ៍ជជុះចំណុចកូនដំរី ផ្លូវជាតិលេខ៥ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុ លុយថ្លៃបាយថ្លៃទឹក សម្រាប់លោក សាំង ណន មេគយចល័តប្រចាំប៉ុស្ដិ៍ជជុះនៅចំណុចភូមិកូនដំរីនោះទេ។ ជាងនេះទៅទៀតលុយដែលឈ្មួញនិងក្រុមអាជីវករបង់ឲ្យលោក សាំង ណន និងបក្ខពួក គឺមិនដែលទទួលបានវិក្កយបត្រឬបង្កាន់ដៃទាល់តែសោះ ហេតុនេះហើយទើបមានការសង្ស័យថា លុយទាំងនោះចូលទៅក្នុងហោប៉ៅលោក សាំង ណន និងបក្ខពួកយ៉ាងស្រួលៗ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក សាំង ណន មេគយចល័តប្រចាំប៉ុស្ដិ៍ជជុះចំណុបភូមិកូនដំរី កំពុងបង្កើនសកម្មភាពគាបយកលុយពីឈ្មួញតាមតូចតាមធំស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សាំង ណន និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ទន្ទឹមនឹងនេះលោក សាំង ណន ឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធពីច្រកប៉ោយប៉ែត ចូលខេត្តបន្ទាយមានជ័យ និងចេញទៅរាជធានីភ្នំពេញ យ៉ាងរលូនដោយមិនចាត់វិធានការបង្ក្រាបឡើយ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ជាមេគយធំ ឲ្យចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សាំង ណន មេគយចល័តនៅក្រុងប៉ោយប៉ែត ខ្លះផង។ ដោយហេតុថាមួយរយៈចុងក្រោយនេះលោក សាំង ណន ព្រមទាំងបក្ខពួកគាបយកលុយពីឈ្មួញនិងអាជីវករកាន់តែច្រើនឡើងៗ ហើយសូម្បីតែឈ្មួញនាំចូលទំនិញស្របច្បាប់ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោក សាំង ណន ដែលកំពុងល្បីល្បាញខាងពុករលួយ។បឋម