មេពេទ្យសត្វ​ខេត្តសៀមរាប​ លោក ព្រំ​ វិចល្បីខាង​ពុករលួយ​ប្រមូលលុយ​ដាក់ហោប៉ៅ​មិនញញើតអង្អភាពប្រឆាំង​អំពើពុក​រលួយ

By | October 15, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​លោក ព្រំ វិច សម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​និង​មាន់​ទា​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​និង​តាម​ទីសត្តឃាត​ក្នុង​ខេត្តសៀមរាប គឺ​លោក ព្រំ វិច អាច​ប្រមូល​ចំណូល​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ចំណូល​ទាំងនោះ​ប្រហែល​មួយផ្នែកធំ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​ទើប​លោក ទា គឹម​សុទ្ធ បណ្ដោយ​ឲ្យ​លោក ព្រំ វិច ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។

មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ជ្រូក​រស់ មាន់​ទារ​ស់ មក​លក់​ចែកចាយ​ពេញទី​សត្តឃាត​និង​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ឬ​ហៅថា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ជ្រូក​តាម​រថយន្ត​ធំៗ​មក​លក់​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​ក្រុង​សៀមរាប និង​បណ្ដា​ស្រុក​នានា​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ត្រួតពិនិត្យ​សត្តឃាត​ជ្រូក​ទាំង​នោះឡើយ​។ ការដែល​លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ព្រំ វិច ដែលជា​មេ​ពេទ្យសត្វ​ក្នុង​ខេត្តសៀមរាប បាន​ដោះសា​យករួចខ្លួន​ថា រាល់​ការដឹកជញ្ជូន​សត្វ​ចូល​ក្រុង​សៀមរាប និង​តាម​កុងស៊ី​ទីសត្តឃាត​ទាំងអស់ គឺមាន​អ្នកមានអំណាច​ម្នាក់​បាន​ចេញមុខ​ដេញថ្លៃ​យក​អស់ហើយ គឺ​លោក ទូច សៀ ដែលជា​ឧកញ៉ា​ល្បីឈ្មោះ​ក្នុង​ខេត្តសៀមរាប​។ សំដី​របស់លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ព្រោះ​លោក ព្រំ វិច មិន​ទទួលខុសត្រូវ​ចំពោះ​តួនាទី​របស់ខ្លួន ហើយ​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​អ្នកដទៃ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *